-->
សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

សត្វត្មាតត្នោត និងត្មាតផេះវិលត្រឡប់ទៅកាន់ទ្រនំក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានជាង៥ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 


ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានរាយការណ៍ថា មានសត្វត្មាតត្នោតចំនួន២ក្បាល និងត្មាតផេះចំនួន១ក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

ក្រុមការងារស្រាវជ្រាវ បាន បញ្ជាក់ថា វត្តមាននៃសត្វស្លាបកម្រ និងរងគ្រោះថ្នាក់ជិតផុតពូជ បំផុតនេះ គឺជាការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាប ទាំងពីរប្រភេទនេះ ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។

ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ ប្រមាណថាមានចំនួន៤ក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុង ឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។

កញ្ញា Milou Groenenberg ប្រធានក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការWWF លើកឡើងថា មូលហេតុដែលបណ្តាលឱ្យបាត់វត្តមានរបស់ពួកវាពីក្នុងតំបន់ក្នុងរយៈពេលដ៏យូរនេះ គឺភាគច្រើនដោយសារពួកវាបានទទួលរងនូវការពុលដោយប្រយោលនឹងសារធាតុគីមីដែលគេបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ។

កំណត់ត្រាថ្មីបំផុតនៃការរាប់ចំនួនសត្វត្មាតទាំងបីប្រភេទដោយក្រុមស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានបង្ហាញវត្តមានសត្វត្មាតត្នោតចំនួន៤ក្បាល សត្វត្មាតផេះចំនួន១១ក្បាល និងសត្វត្មាតភ្លើងចំនួន៥ក្បាល កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវាដែលស្ថិតក្នុងទីតាំងជាប់ដែនជម្រកសត្វព្រៃសំបូរតាមបណ្តោយដងទន្លេមេគង្គនៃខេត្តក្រេចះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះ។ ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏ដូចជាមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកដែលបានខិតខំការពារនិងអភិរក្សតំបន់ព្រៃល្បោះដ៏ធំជាងគេមួយនៅតំបន់អាស៊ីអាគ្នេយ៍ និងបានកំពុងធ្វើឱ្យតំបន់នេះកាន់តែមានសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់សត្វព្រៃ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹក សម្រាប់ជីវៈចម្រុះគ្រប់ប្រភេទរស់ នៅ។ សូមស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការការពារនិងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដើម្បីផលប្រយោជន៍ជីវៈចម្រុះ និងរក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ ក្រោយបន្តទៀត»។

លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ដំណឹងដ៏ល្អនេះពិតជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារនៃកម្មវិធីអភិរក្សតំបន់ព្រៃទេសភាពភាគខាងកើតនៃកម្ពុជា លើការបង្កើនកិច្ចខិតខំប្រឹងប្រែងជាប្រចាំសំដៅជំរុញឱ្យចំនួនសត្វបក្សីទាំងនេះមានកំណើនឡើងវិញនៅថ្ងៃខាងមុខ»។

នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វត្មាតទាំង៣ប្រភេទ ត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាបានធ្លាក់ ចុះគួរឱ្យបារម្ភ ក្នុងរយៈពេលជាង១៥ ឆ្នាំចុងក្រោយនេះ។ ការគំរាមកំហែងចម្បងៗដល់ការ រស់នៅរបស់ប្រភេទសត្វស្លាបដ៏សំខាន់ជាសកលទាំងនេះរួមមានការពុលនឹងសារធាតុគីមីដែលគេប្រើប្រាស់សម្រាប់គោលដៅផ្សេងៗ កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាពរំខានដោយមនុស្ស។

សូមបញ្ជាក់ថា​ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា គិតត្រឹម ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា មានសត្វត្មាតសរុបទាំងអស់ចំនួន១២១ក្បាល ក្នុងនោះមានត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា មានសមាសភាពចម្រុះពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ (ACCB) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការជីវិតធម្មជាតិកម្ពុជា(NLC) ក្រុមហ៊ុន Rising Phoenix អង្គការCBGA ក្រុមហ៊ុនSVC Tour និង មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC)៕